កាលបរិច្ឆេទ: ០៧ កក្កដា ២០២២ / សុខភាព
កាលពីឆ្នាំ២០២០ ក្រុមហ៊ុន Biocodex បានទិញមន្ទីរពិសោធន៍ IPRAD ដែលផលិតផលសម្រាប់ការធ្វើអនាម័យរបស់ស្រ្តី ដូចជា Saforelle Gentle Saforelle Miss Galatogil lactation Gestarelle និង Mucogyne របស់មន្ទីរពិសោធន៍នេះត្រូវបានចែកចាយនៅកម្ពុជាដោយសហគ្រាសផលិតឱសថប៉េប៉េអឹមតាំងពីឆ្នាំ២០០៥មកម្ល៉េះ។
ដោយហេតុដូច្នេះហើយបានជាលោក Ross Bordelon នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាហ្រ្វិកខាងត្បូង បានចុះមកធ្វើទស្សនកិច្ចការងារកាលពីថ្ងៃទី២៩មិថុនានៅទីក្រុងភ្នំពេញ ដើម្បីជួបជាមួយក្រុមការងារផ្នែកលក់ររបស់សហគ្រាសផលិតឱសថប៉េប៉េអឹម។
លោកតិច ស៊ីម៉ូ ប្រធានផ្នែកលក់ថ្នាក់ជាតិរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Ross Bordelon គឺក្នុងបំណងសិក្សាពីការវិវត្តិរបស់ទីផ្សារនៅកម្ពុជា និងដើម្បីវិភាគពីប្រសិទ្ធភាពនៃប្រព័ន្ធចែកចាយបច្ចុប្បន្នរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម ក្រោយពីរយៈពេលដ៏ស្ងប់ស្ងាត់ក្នុងអំឡុងមានវិបត្តិជំងឺកូវីដ១៩។
ក្រោយពីបានចុះមើលតាមឱសថស្ថាននានាដែលជាដៃគូរបស់ក្រុមហ៊ុនផលិតឱសថប៉េប៉េអឹមមក លោក Ross Bordelon បានកត់សម្គាល់ថា ក្រុមការងាររបស់សហគ្រាសប៉េប៉េអឹម និងបណ្តាញចែកចាយរបស់សហគ្រាសដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលក់ផលិតផលធ្វើអនាម័យសម្រាប់ស្រ្តីរបស់ក្រុមហ៊ុនលោកនៅកម្ពុជា។ លោកក៏បានគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Biocodex គាំទ្រទាំងស្រុងចំពោះការធ្វើយុទ្ធនាការផ្សព្វផ្សាយផលិតផលដែលផ្តួចផ្តើមដោយសហគ្រាសផលិតឱសថប៉េប៉េអឹមដើម្បីបង្កើនការចែកចាយផលិតផលធ្វើអនាម័យសម្រាប់ស្រ្តីនៅលើទីផ្សារកម្ពុជា៕